Wednesday, July 24, 2024

អត្ថប្រយោជន៍នៃផ្លែម្កាក់

បច្ចុប្បន្ននេះ យើងឃើញថា ផ្កែម្កាក់គឺកំពុងតែពេញនិយមខ្លាំងណាស់ព្រោះតែរសជាតិស្រួយ និងជូរផ្អែមតិចៗ ជាពិសេសនោះគឺចំពោះយុវវ័យ ដែលមានលក់គ្រប់ទីកន្លែងដែលមានលក់ម្ជូរនៅប្រទេសកម្ពុជាយើង ប៉ុន្តែប្រហែលជាពួកគាត់មិនធ្លាប់បានដឹងពីអត្ថប្រយោជន៍ផ្លែម្កាក់នោះឡើយ។ តោះ ចូលរួមទាំងអស់គ្នាជាមួយនាងខ្ញុំពីគុណប្រយោជន៍នៃផ្លែម្កាក់ដែលល្អសម្រាប់សុខភាពយើង ៖

១) ជួយការពារជំងឺបេះដូង៖ ផ្លែម្កាក់វាមានផ្ទុកនូវជាតិកាល់ស្យូមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពសរសៃឈាមបេះដូង ការញ៉ាំផ្លែម្កាក់ឲ្យបានទៀងទាត់អាចយកឈ្នះជំងឺបេះដូងបានទៀតផង។

២) ជួយដល់សុខភាពភ្នែក៖ វីតាមីន A នៅក្នុងផ្លែម្កាក់បានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពភ្នែកបានយ៉ាងល្អ ដោយវីតាមីន A អាចជួយក្នុងការចែកចាយធាតុដែលត្រូវបានទទួលដោយ Retina នៃភ្នែកទៅកាន់ខួរក្បាលជារូបភាព។

៣) បង្កើនថាមពលដល់រាងកាយ៖ ការញាំផ្លែម្កាក់អាចជួយបង្កើនថាមពលដល់រាងកាយ តាមរយៈ សារធាតុចិញ្ចឹមដ៏សំខាន់ដែលមាននៅក្នុងផ្លែម្កាក់។

៤) ជាសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ក្រៅពីមានផ្ទុកនូវវីតាមីន A វាក៏ជាប្រភពនៃវីតាមីន C ផងដែរ។ ហើយវីតាមីនទាំងពីរប្រភេទនេះ មានសកម្មភាពខ្លាំងក្លាជាអង់ទីអុកស៊ីដង់ដែលអាចប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី ក៏ដូចជាការពារការបំពុលពីខាងក្រៅទៀតផង។

៥) ជួយព្យាបាលមុខរបួស៖ ជាមួយគ្នានេះដែរ វីតាមីន A ដែលមានៅក្នុងផ្លែម្កាក់ ក៏អាចជួយថែរក្សាជាលិកានៅក្នុងខ្លួនឲ្យមានសុខភាពល្អ និងជួយពន្លឿនដំណើរការនៃការព្យាបាលមុខរបួសបានផងដែរ។

៦) អាចយកឈ្នះលើភាពស្លេកស្លាំង៖ ជាតិដែក និង វីតាមីន B1 ដែលមាននៅក្នុងផ្លែម្កាក់អាចជួយក្នុងការផលិតកោសិកាឈាមក្រហម និងបង្កើនលំហូរអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយ និងបង្ការភាពស្លេកស្លាំងបានទៀតផងដែរ។

៧) បង្ការភាពចាស់មុនអាយុ៖ វីតាមីន C អាចការពារម៉ូលេគុលសំខាន់ៗ ដូចជាខ្លាញ់ កាបូអ៊ីដ្រាត ជាដើម ពីការបំផ្លាញ ដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ឬជាតិពុលផ្សេងៗដែលនាំឱ្យចាស់មុនអាយុ។

៨) ការត្រួតពិនិត្យកម្រិតកូឡេស្តេរ៉ុល៖ សារធាតុដែលមាននៅក្នុងផ្លែម្កាក់ ក្រៅពីប្រឆាំងនឹងភាពចាស់មុនអាយុ  វីតាមីន C ដែលមាននៅក្នុងផ្លែម្កាក់ក៏អាចជួយរំលាយកូលេស្តេរ៉ូលបានផងដែរ។

៩) ជួយដល់សុខភាពរាងកាយ៖ ផ្លែម្កាក់អាចជួយថែរក្សាប្រព័ន្ធភាពស៊ាំ និងជួយធ្វើឲ្យអ្នកហាត់ប្រាណ អ្នកប្រកួតកីឡាងាយទទួលបាននូវថាមពលត្រឡប់មកវិញ ក្រោយពីពួកគេបានបញ្ចេញនូវថាមពលអស់ជាច្រើន។

១០) ថែរក្សាឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អ៖ សារធាតុផូស្វ័រ ដែលមានផ្ទុកនៅក្នុងផ្លែម្កាក់មានប្រយោជន៍សម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អ៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ខ្មែរឡូត

0 comments:

Post a Comment