Wednesday, July 24, 2024

អត្ថប្រយោជន៍ផ្លែបំពេញរាជ

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបមកហើយថា ផ្លែបំពេញ​រាជ​មាន​រសជាតិ​ជូរអែម និងមានគ្រាប់ធំៗ​ដែល​គួរ​ឲ្យ​ចង់​ទទួលទាន​ទៀតផង។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានផ្លែបំពេញរាជ៖

១) ​ការពារ​ជំងឺមហារីក៖ ផ្លែ​បំពេញ​រាជ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ការ​រីក​លូតលាស់​នៃ​ជំងឺមហារីកមួយចំនួន​បាន។

២) ​ថែរក្សា​សុខភាព​មាត់​ធ្មេញ៖ ការ​ទំពា​ផ្លែ​បំពេញ​រាជ​អាច​ជួយ​ជំរុញ​ឲ្យ​ក្រពេញទឹកមាត់​ផលិត​ទឹកមាត់​បាន​កាន់តែ​ច្រើន ដែល​អាច​ជួយ​ការពារ​ជំងឺ​ពុក​ធ្មេញ​ ដោយ​កាត់​បន្ថយ​ចំនួន​បាក់តេរី​ដែលបង្ក​រោគ ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

៣) ​កាត់​បន្ថយ​សារធាតុកូ​ឡេ​ស្តូ​រ៉ូ​ល​អាក្រក់៖ ផ្លែ​បំពេញ​រាជ​មាន​សារធាតុ​ប៉ិក​ទី​ន ដែល​ជា​ជាតិ​សរសៃ​រលាយ។ សារជាតិ​ប៉ិក​ទី​ន រួម​ជាមួយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ និង​កូ​ឡេ​ស្តេ​រ៉ូ​លមិនល្អ ​នៅ​ក្នុង​ពោះវៀន​ដើម្បី​ជួយទប់ស្កាត់​មិន​ឲ្យ​មានការ​ស្រូប​យកជាតិ​ខ្លាញ់​​ចូល​ក្នុង​ប្រព័ន្ធ​ឈាម។ គួរកត់ចំណាំផងដែរ ​ប្រសិនមាន ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ខ្ពស់ អាចបង្កើន​សម្ពាធ​ឈាម ដែលអាចប្រឈមនឹងជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង ជាដើម។

៤) ​គ្រប់គ្រង​ទម្ងន់ ៖ ផ្លែ​បំពេញ​រាជ​មាន​ទាំង​ជាតិ​សរសៃ​រលាយ និង​ជាតិសរសៃមិន​រលាយ ។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​អាច​ធ្វើ​ឲ្យមានអារម្មណ៍ថា​ឆាប់​ឆ្អែត និង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ​ជាហេតុ ​បន្ថយ​ចំណង់​អាហារ ។ ដោយឡែក បច្ចុប្បន្ននេះយើងសង្កេតឃើញថា មនុស្សទូទៅមាន​បញ្ហា​សុខភាព​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ជំងឺ​ធាត់ ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម​បណ្តាល​មក​ពី​អ៊័​រ​ម៉ូ​ន និង​ជំងឺ​ទាក់ទង​នឹង​ការ​គេង ជាដើម ។

៥) ​បង្ការ​ជំងឺ​ទឹកនោមផ្អែម៖ ផ្លែ​បំពេញ​រាជ​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ព្រោះផ្លែ​បំពេញ​រាជ​សម្បូរ​ជាតិ​សរសៃ និង​មាន​ជាតិ​ស្ករ​ទាប ។ ជាតិ​សរសៃ​អាចបន្ថយល្បឿន​នៃ​ការ​រំលាយ​អាហារ ដូច្នេះ​អាច​កាត់​បន្ថយ​ការ​ស្រូប​យកជាតិ​ស្ករ​ចូល​ទៅ​ក្នុង​ឈាម និងអាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាមផង​ដែរ ៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កោះសន្តិភាព

0 comments:

Post a Comment