Tuesday, July 23, 2024

អត្ថប្រយោជន៍នៃការទទួលផ្លែធុរេន

ធុរេន​ជា​ផ្លែឈើ​មួយ​ប្រភេទ​​ដែល​ប្រជាជន​ខ្មែរនិយម​ទទួលទាន​ ព្រោះ​​វា​មាន​រសជាតិ​ផ្អែមឆ្ងាញ់ និងមានក្លិនក្រអូប។ រីឯសំបកខាងក្រៅមុតស្រួចដូចបន្លាអីចឹង។ ​អត្ថប្រយោជន៍​ទាំង ១០​យ៉ាង​របស់​ផ្លែ​ធុរេន​ដែលល្អចំពោះ​សុខភាព រួមមាន៖

១) ជា​ប្រភព​ថាមពល​ដ៏​ល្អ៖  ញ៉ាំ​ធុរេន​២៤៣​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ស្មើនឹង​ជាតិ​កាបូនអ៊ីដ្រាត ​២០%​នៃ​តម្រូវការ​ប្រចាំថ្ងៃ ដែល​អាច​បំពេញ​ជាតិ​ស្ករ​បាន​យ៉ាង​ល្អ ហើយ​អាច​គ្របដណ្ដប់​ជាតិ​ស្ករ​បាន​ពេញ​មួយថ្ងៃ។

២) មាន​ជាតិ​សរសៃ​ខ្ពស់៖  ផ្លែធុរេនមានផ្ទុកនូវ​ជាតិ​សរសៃ​ខ្ពស់។ ការ​ញ៉ាំ​ធុរេន​ម្ដងៗ អាច​ជួយ​បំពេញ​ជាតិ​សរសៃ​បាន​ដល់​ទៅ ​៣៧%​នៃ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​សាពាង្គកាយ។

៣)​ មាន​កាឡូរី​ខ្ពស់៖ ​ញាំផ្លែ​ធុរេន​តែ​មួយ​ក្លែបអាចទទួលបាន ​៣៥០​កាឡូរី  និង​ជាតិ​ខ្លាញ់ល្អដែលរាងកាយត្រូវការ ចំនួន ​១៣​ក្រាម។

៤) មាន​ជាតិ​វីតាមីន C ​ខ្ពស់៖ ផ្លែធុរេនមានផ្ទុកនូវ ​វីតាមីន C ​ខ្ពស់ ដែល​អាច​ជួយ​ទប់ស្កាត់​ជំងឺ​មួយ​ចំនួន ជួយ​បំពេញ​ជាតិ​កូឡេស្តេរ៉ុល និង​ធ្វើឲ្យ​លំហូរ​ឈាម​មាន​ភាព​ប្រសើរ​ឡើង។

៥) មាន​ជាតិ​វីតាមីន Bផ្លែធុរេនក៏មានផ្ទុកនូវ វីតាមីន B ដែល​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ខ្លួន ការពារ​ភាព​ចាស់ជ្រៀវជ្រួញ​ និង​ជំងឺ​បេះដូង ថែមទាំងជួយ​បង្កើន​កូឡេស្តេរ៉ុល​ល្អ​ និង​ជួយ​បង្កើន​កម្រិតអ័រម៉ូន​ ម្យ៉ាងដែល​អាច​​បន្ថយ​អារម្មណ៍តានតឹង ​ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត។

៦) សម្បូរ​ជាតិ​ដែក ​និង​ទង់ដែង៖ ធុរេន ​​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ​និង​ទង់ដែង។ ទង់ដែង ​និង​ជាតិ​ដែក​ទាំងនោះ​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ដែល​ធ្វើឲ្យ​សុខភាព​ល្អ​ជានិច្ច។ ធុរេន​ក៏​មាន​ផ្ទុក​ជាតិ​ម៉ង់កាណែស​ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ ​និង​ធ្វើឲ្យ​ស្បែក​មាន​ភាព​ភ្លឺរលោង។

៧) សម្បូរ​ប៉ូតាស្យូម៖ សារធាតុប៉ូតាស្យូម​​មាន​សារសំខាន់ណាស់ ​ដែល​អាច​ជួយ​គ្រប់គ្រង​សំពាធឈាម រក្សា​កម្រិត​សូដ្យូម  និង​ជួយ​​ការ​គ្រប់គ្រង​ចង្វាក់​បេះដូងទៀតផង។

៨) ធុរេន​មាន​ផ្ទុក​សារជាតិម្យ៉ាងដែល​ជួយ​ឲ្យ​គេង​លក់​ស្រួល៖ សារជាតិម្យ៉ាងដែលមាននៅក្នុងផ្លែធុរេន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ថ្នាំ​ងងុយ​គេង​បែបធម្មជាតិ​ដ៏​ល្អ ជា​ពិសេស​ការ​ទទួលទាន​ធុរេន​ពេល​ក្បាល​ព្រលប់​អាច​ជួយ​ឲ្យ​គេងលក់យ៉ាងស្កប់ស្កល់។

៩) ធុរេន​ជា​ប្រភព​វីតាមីន B1៖ ប្រសិនបើអ្នក​ចង់បាន​វីតាមីន B1 បន្ថែម​ក្នុង​រាងកាយ ផ្លែធុរេន​គឺជា​ជម្រើស​ដ៏​ល្អ ព្រោះវា​មាន​ផ្ទុក​វីតាមីន B1 ប្រហែលជា ​៣០%​ ដែលអាចបំពេញតម្រូវ​ការ​​​ប្រចាំថ្ងៃ​របស់​រាងកាយបានយ៉ាងល្អ។

១០) មាន​ផ្ទុក​អាស៊ីដ  folate ផ្លែ​ធុរេន​សម្បូរ​ទៅ​ដោយ​ជាតិ​អាស៊ីដ folate   ដែល​អាច​ជួយ​ក្នុង​ការ​បង្ការ​ជំងឺ​បេះដូង និង​ជួយ​ឲ្យ​ខួរក្បាល​ចងចាំ​បាន​ល្អ។

ចំណាំ៖ ទោះបីជាការទទួលទានផ្លែធុរេនផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែប្រសិនបើ ទទួលទានច្រើនពេកក៏បានផ្ដល់នូវផលមិនល្អចំពោះសុខភាពផងដែរ ដូចជាប៉ះពាល់ក្រពះ , រាគ, ក្អួត ឬប្រតិកម្មអាលែហ្សី ចំពោះមនុស្សមួយចំនួន ។ ចំពោះស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានកម្រិតកូរេស្រ្តេរ៉ូលខ្ពស់ មិនគួរបរិភោគផ្លែធុរេននោះទេ ព្រោះវាធ្វើឱ្យកើនឡើងនូវសម្ពាធឈាមក្នុងខ្លួន។ លើសពីនេះទៅទៀត ចំពោះអ្នកជំងឺដែលមានជំងឺតម្រងនោម ជាពិសេសអ្នកដែលកំពុងព្យាបាលការលាងឈាមក៏មិនត្រូវបានលើកទឹកចិត្តឱ្យបរិភោគផ្លែធុរេននេះផងដែរ ពីព្រោះតែពួកគេលែងមានសមត្ថភាពបញ្ចោញសារធាតុចិញ្ចឹមចេញពីរាងកាយ (ដូចជាប៉ូតាស្យូម) ជាដើម ដែលការទទួលទានជាតិប៉ូតាស្យូមខ្ពស់គឺអាចបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងឈាម៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក សប្បាយ និងវេបសាយ kbn

0 comments:

Post a Comment