គុណប្រយោជន៍របស់ផ្លែពុទ្រា ដែលល្អសម្រាប់សុខភាពល្អយើង ។
១) ជំនួយក្នុងការគេង៖ សម្រាប់មនុស្សភាគច្រើនមានបញ្ហាប្រឈមនឹងការគេងមិនលក់ ឬការគេងមិនគ្រប់គ្រាន់ ដូច្នេះ ការទទួលទានផ្លែពុទ្រាអាចជាឱសថដ៏ល្អ ព្រោះសមាសធាតុសរីរាង្គដែលមាននៅក្នុងផ្លែពុទ្រាមានអត្ថប្រយោជន៍អាចធ្វើឱ្យរាងកាយ និងចិត្តស្ងប់បាន។
២) សម្រួលដល់របត់ឈាមរត់៖ ផ្លែពុទ្រាគឺជាប្រភពដ៏សម្បូរបែបទាំងជាតិដែក និងផូស្វ័រដែលជាធាតុផ្សំសំខាន់នៅក្នុងកោសិកាឈាមក្រហម។ ប្រសិនបើ មានជាតិដែកទាបនៅក្នុងឈាម ឬភាពស្លកសាំង អ្នកអាចនឹងមានរោគសញ្ញា ដូចជា សាច់ដុំខ្សោយ អស់កម្លាំង មិនរំលាយអាហារ ស្រាលក្បាល ជាដើម។ ដូច្នេះ ការញាំផ្លែពុទ្រាអាចបង្កើនលំហូរឈាម ដែលអាចបញ្ជូនអុកស៊ីសែន ដល់ប្រព័ន្ធសរីរាង្គកាន់តែមានប្រសិទ្ធភាព។
៣) ធ្វើអោយប្រសើរឡើងនូវកម្លាំងឆ្អឹង៖ តាមរយៈការបង្កើនសារធាតុរ៉ែ ដូចជា កាល់ស្យូម ផូស្វ័រ និងជាតិដែក ដែលមាននៅក្នុងពុទ្រា អាចធានាថាឆ្អឹងនៅតែមានភាពធន់ និងរឹងមាំ។
៤) គ្រប់គ្រងទំងន់៖ ពុទ្រាមានកាឡូរីទាប និងកំរិតជាតិប្រូតេអ៊ីន និងជាតិសរសៃខ្ពស់ ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយងាយស្រួលក្នុងការបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងទៀតផង។
៥) ជំរុញភាពស៊ាំ៖ ពុទ្រាអាចផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ ព្រោះផ្លែពុទ្រាមានផ្ទុកនូវសារធាតុ ប្រឆាំងអុកស៊ីតកម្មខ្ពស់ វីតាមីនC វីតាមីនA សមាសធាតុសរីរាង្គ និងអាស៊ីតផ្សេងៗ ដែលអាចបន្សាបរ៉ាឌីកាល់សេរី ដែលទទួលខុសត្រូវចំពោះជំងឺរ៉ាំរ៉ៃ និងជំងឺជាច្រើននៅក្នុងខ្លួន។ វីតាមីនC ក៏ជួយជំរុញការផលិតកោសិកាឈាមស ដែលអាចការពារប្រព័ន្ធការពាររាងកាយរបស់យើង។
៦) កាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍៖ ការប្រើប្រាស់ប្រេងដែលចម្រាញ់ចេញពីផ្លែពុទ្រា ឬការទទួលទានផ្លែពុទ្រាដោយផ្ទាល់អាចមានឥទ្ធិពលលើកម្រិតអរម៉ូន និងធ្វើឱ្យអារម្មណ៍ស្ងប់ និងអារម្មណ៍ធូរស្បើយតាមរយៈចិត្ត និងរាងកាយ។ សម្រាប់មនុស្សដែលទទួលរងនូវភាពតានតឹង ឬការថប់អារម្មណ៍រ៉ាំរ៉ៃជាប្រចាំ ការទទួលទានអាហារសម្រន់ ដូចជា ផ្លែពុទ្រាស្ងួត ផ្លែពុទ្រាស្រស់ ក៏អាចជួយសម្រួលដល់ចិត្ត និងការពាររាងកាយពីផលប៉ះពាល់នឹងអ័រម៉ូនស្ត្រេសបានផងដែរ។
៧) សក្តានុពលប្រឆាំងនឹងមហារីក៖ ការសិក្សាបឋមមួយធ្វើឡើងនៅឆ្នាំ ២០០៨ ដើម្បីវាយតម្លៃពីសមត្ថភាពប្រឆាំងមហារីករបស់ពុទ្រាបានរកឃើញថាផ្លែឈើនេះអាចជួយក្នុងការសម្លាប់កោសិកាមហារីកដែលបង្កគ្រោះថ្នាក់។ ក្រៅពីនេះ យោងតាមការសិក្សាឆ្នាំ ២០១៣ បានបង្ហាញថាផ្លែពុទ្រាជូរអាចជាភ្នាក់ងារព្យាបាលជំងឺមហារីកសុដន់ដ៏មានសក្តានុពលផងដែរ។
៨) ថែរក្សាស្បែក៖ ផ្លែពុទ្រា ទឹកពុទ្រា និងការចំរាញ់ពុទ្រាត្រូវបានគេយកមកប្រើដើម្បីព្យាបាលការរលាកស្បែក និងរលាកផ្សេងៗ រួមមានជំងឺស្បែក របកក្រហម និងមុន។ ក្រៅពីនេះ ផ្លែពុទ្រាក៏អាចជួយការពារការលេចចេញស្នាមជ្រីវជ្រួញ និងស្នាមផងដែរ។
៩) ជំនួយក្នុងការរំលាយអាហារ៖ ផ្លែពុទ្រាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើអោយប្រសើរឡើងនូវដំណើរការប្រព័ន្ធរំលាយអាហារ និងជំរុញចលនាអាហារឱ្យមានសុខភាពល្អតាមរយៈពោះវៀន។ លើសពីនេះ ការទទួលទានផ្លែពុទ្រាក៏អាចជួយការពារការទល់លាមក ហើមពោះ ក៏ដូចជាស្ថានភាពក្រពះ ពោះវៀនធ្ងន់ធ្ងរ។
១០) បន្សាបជាតិពុលក្នុងឈាម៖ សារធាតុ Saponins និងអាល់កាឡូអ៊ីដ ដែលមាននៅក្នុងផ្លែពុទ្រាត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងការបន្សុទ្ធឈាម និងកម្ចាត់ជាតិពុលដែលមានគ្រោះថ្នាក់ចេញពីប្រព័ន្ធរបស់រាងកាយរបស់យើង។ ឥទ្ធិពលប្រឆាំងអុកស៊ីតកម្មនេះអាចជួយការពារជំងឺមួយចំនួនធំហើយក៏អាចជួយសម្រួលស្ត្រេសលើប្រព័ន្ធភាពស៊ាំផងដែរ។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ស្ពាន
0 comments:
Post a Comment