ផ្លែស្វាយ ជាផ្លែឈើ មួយប្រភេទ ដែលសម្បូរណាស់ នៅក្នុងប្រទេសកម្ពុជាយើង វាមានរសជាតិ ជូរអែម ហើយយើង អាចទទួលទាន បានទាំងនៅខ្ចី និងទុំ។ តើផ្លែស្វាយ មានអត្ថប្រយោជន៍យ៉ាងណា ចំពោះសុខភាព? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ ៦យ៉ាង នៃការទទួលទាន ផ្លែស្វាយ រួមមាន៖
១) សុខភាពភ្នែកកាន់តែប្រសើរឡើង៖ ផ្លែស្វាយ សម្បូរទៅដោយ វីតាមីន A ដែលមិនត្រឹមតែ ជួយបង្កើនសុខភាពភ្នែក ល្អប្រសើរ មើលឃើញបាន កាន់តែច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំង អាចបំបាត់អាការៈស្ងួត ក្នុងភ្នែក និងកាត់បន្ថយ ការរលាកផងដែរ។
២) ព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម៖ ផ្លែស្វាយ មានប្រសិទ្ធិភាពជួយបង្កើនបរិមាណនៃអេម៉ូក្លូប៊ីនដែលជាសមាសធាតុដ៏សំខាន់នៃគោលិកាឈាមក្រហម។ ដូច្នេះការទទួលទានផ្លែស្វាយមានប្រយោជន៍ណាស់ក្នុងការព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម។
៣) ទប់ស្កាត់ជំងឺមហារីក៖ ផ្លែស្វាយ ជាផ្លែឈើម៉្យាង ដែលសម្បូរ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារ ទប់ស្កាត់ រាងកាយប្រឆាំងនឹង ជំងឺមហារីកសុដន់ ជំងឺមហារីកពោះវៀនធំ ជំងឺមហារីកខួរឆ្អឹងខ្នង និងជំងឺមហារីកក្រពេញប្រូស្តាត។
៤) កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល ៖ ផ្លែស្វាយ មានផ្ទុក វីតាមីន C និងជាតិសសៃខ្ពស់ ដែលធ្វើឲ្យវា ក្លាយជាជម្រើស នៃផ្លែឈើដ៏មាន ឥទ្ធិពលជួយ ក្នុងការកាត់បន្ថយ កម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ស្វាយ ក៏ជាប្រភពនៃ ជាតិប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹម មានប្រសិទ្ធភាព ជួយគ្រប់គ្រងអត្រា នៃចង្វាក់បេះដូង និងកម្រិត នៃសម្ពាធឈាមផងដែរ។
៥) សម្រួលដល់ការរំលាយអាហារ ៖ អង់ស៊ីមដែលមាន ក្នុងផ្លែស្វាយ អាចជួយបំបែក ប្រូតេអ៊ីន សម្រួលដល់ ដំណើរការ នៃការរំលាយអាហារ។ ចំណែកឯ ជាតិសសៃ ធម្មជាតិនៃផ្លែស្វាយ ក៏អាចជួយដល់ ការរំលាយអាហារ និងការកម្ចាត់ចោល នូវកាកសំណល់ផងដែរ។
៦) ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖ ការរួមបញ្ចូលគ្នា នៃវីតាមីន A, វីតាមីន C រួមទាំងសារធាតុ carotenoids ២៥ ប្រភេទផ្សេងៗគ្នា ដែលមានក្នុងផ្លែស្វាយ នឹងធ្វើឲ្យ ប្រព័ន្ធភាពស៊ាំ រាងកាយកាន់តែរឹងមាំឡើង។
រៀបចំដោយ #SharedKnowledgeHealth
0 comments:
Post a Comment