ផ្លែផាសិន(Passion Fruit) គឺជាផ្លែឈើ មួយប្រភេទដែល មានសំបកពណ៌ស្វាយ ពណ៌លឿង ពណ៌មាស ហើយគេនិយម យកមកក្រឡុក ជាទឹកផ្លែឈើ សម្រាប់ទទួលទាន ព្រោះវាត្រូវបាន គេរកឃើញថា អាចផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនលើសលប់ និងល្អសម្រាប់សុខភាពរបស់យើង។ ផ្លែផាសិន មានសារធាតុចិញ្ចឹម ដូចជា៖ សារធាតុរ៉ែ វីតាមីនអា វីតាមីនសេ ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ទង់ដែង ជាតិសរសៃ និងប្រូតេអ៊ីន។ វីតាមីនសេ នៅក្នុងផ្លែផាសិន ជួយរំញោចសកម្មភាព នៃកោសិកាឈាមស និងប្រព័ន្ធការពារ ប្រព័ន្ធភាពស៊ាំផ្សេងទៀត និងអាចការពារអ្នក ពីជំងឺទូទៅផ្សេងៗបាន។
ដូច្នេះ ប្រសិនបើ អ្នកញ៉ាំផ្លែផាសិនមួយផ្លែ ជាប្រចាំថ្ងៃ អាចផ្តល់វីតាមីនប្រហែល 30 មីលីក្រាម នៃវីតាមីនសេ ។ ខាងក្រោមនេះគឺជាគុណប្រយោជន៍ចំបងៗ នៃការទទួលទាន ផ្លែផាសិន ដែលល្អសម្រាប់សុខភាពដូចតទៅ៖
១) រក្សាសម្ពាធឈាម៖ ការទទួលទាន ផ្លែផាសិនរាល់ថ្ងៃ អ្នកនឹងទទួលបាន ប៉ូតាស្យូម ១/៤ នៃសារធាតុរ៉ែ សំខាន់ៗទាំងអស់។ ក្រៅពីនេះ ផ្លែផាសិនអាចជួយ សម្រួលដល់ចរាចរឈាម ពង្រឹងសុខភាពសរសៃឈាមបេះដូង និងកាត់បន្ថយ ភាពតានតឹង នៅក្នុងបេះដូង។ សារធាតុប៉ូតាស្យូម មានសារ:សំខាន់ខ្លាំងណាស់ ក្នុងការរក្សាលំនឹង ជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែ ទទួលទានផ្លែផាសិនឲ្យបានទៀងទាត់ ដើម្បីថែរក្សាបេះដូង និងកោសិកាឲ្យមានសុខភាពល្អ។
២) បង្កើនប្រព័ន្ធភាពស៊ាំ៖ ផ្លែផាសិន សម្បូរទៅដោយវីតាមីនអា វិតាមីនសេ និងសារធាតុចិញ្ចឹម សំខាន់ដូចជា៖ បេតាការ៉ូទីន(beta carotene) ដែលមានប្រសិទ្ធភាព ក្នុងការជម្រុញឲ្យ ប្រព័ន្ធភាពស៊ាំដំណើរការបានល្អ។ ការទទួលទានផ្លែផាសិនទៀងទាត់ អាចជួយឲ្យរាងកាយ ធន់នឹងជំងឺគ្រុនផ្តាសាយ រួមទាំងការឆ្លងមេរោគផ្សេងៗបានផងដែរ។
៣) រក្សាសុខភាពសរសៃឈាមបេះដូង៖ ផ្លែផាសិន ជាផ្លែឈើមួយប្រភេទ ដែលមានផ្ទុកជាតិខ្លាញ់ទាប ហើយស្ទើរតែគ្មានជាតិកូឡេស្តេរ៉ុលសោះ។ ផ្ទុយទៅវិញ ផ្លែផាសិនមានផ្ទុក ជាតិសរសៃច្រើន ដែលអាចកាត់បន្ថយ កូឡេស្តេរ៉ុលអាក្រក់ ក្នុងឈាម និងបង្កើនកូឡេស្តេរ៉ុលល្អ ក្នុងឈាមជំនួសវិញ។
៤) ការពារជំងឺមហារីក៖ សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងផ្លែផាសិន មានសមត្ថភាព អាចកាត់បន្ថយរ៉ាល់ឌីកាល់សេរី នៅក្នុងរាងកាយអ្នកជំងឺមហារីក មានប្រសិទ្ធភាពបំផុត ដែលអាចប្រឆាំងនឹង ជំងឺមហារីកសួត មហារីកមាត់ និងប្រភេទនៃជំងឺមហារីកផ្សេងៗទៀត។
៥) ថែរក្សាពោះវៀនឲ្យមានសុខភាពល្អ៖ ផ្លែផាសិន អាចផ្តល់ជាតិសរសៃខ្ពស់រហូតដល់ទៅ ៩៨% នៅពេលដែលអ្នកទទួលទានរាល់ថ្ងៃ។ ជាតិសរសសៃ គឺជាផ្នែកមួយដ៏សំខាន់ នៃរបបអាហារ ព្រោះវាអាចជួយសម្រួលក្នុងការរំលាយអាហារ កាត់បន្ថយបញ្ហាទល់លាមក ប្រឆាំងនឹងជំងឺរលាកពោះវៀន មហារីកពោះវៀនធំ និងរន្ធគូថ ផងដែរ។
៦) ធ្វើឲ្យឆ្អឹងមានសុខភាពល្អ៖ ផ្លែ ផាសិន គឺជាប្រភពសម្បូរបែបនៃសារធាតុរ៉ែ ដូចជាជាតិដែក ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រ សំខាន់សម្រាប់បង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ សារធាតុរ៉ែទាំងនេះ ដើរតួសំខាន់ក្នុងការបង្កើនល្បឿនជួសជុលឆ្អឹង និងកាត់បន្ថយការរលាកសន្លាក់។
៧) កែលម្អភ្នែកឲ្យមានសុខភាពល្អ៖ ផ្លែផាសិន គឺជាផ្នែកមួយ នៃអាហារដែលមាន អត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាពភ្នែក ដោយសារតែ ផ្លែផាសិនមានផ្ទុក សារធាតុប្រឆាំងកម្រិតខ្ពស់ ដូចជា៖ វីតាមីនអា វិតាមីនសេ ជាដើម។ សារធាតុចិញ្ចឹមទាំងនេះ អាចការពារភ្នែក ពីការបំផ្លាញរបស់ រ៉ាឌីកាល់សេរី និងការពារស្រទាប់កែវភ្នែកផងដែរ។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ នៃផ្លែផាសិនអាចជួយ កាត់បន្ថយស្នាមជ្រួញ និងធ្វើឲ្យ ស្បែកមានសំណើមល្អ៕
រៀបចំដោយ #SharedKnowledgeHealth
អត្ថបទនេះដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
សូមអរគុណ
ReplyDelete