Wednesday, June 12, 2024

តើអ្នកណាខ្លះគួរជៀលវាងបរិភោគពងទាកូន?

 ពងទាកូន គឺជាអាហារមួយប្រភេទដែលប្រជាជននៅក្នុងបណ្តាប្រទេសអាស៊ីភាគច្រើនចូលចិត្តក្នុងការបរិភោគបំផុត។ ពួកគេជឿជាក់ថា ការទទួលទានពងទាកូនច្រើន គឺធ្វើឱ្យមានសុខភាពល្អ និងជួយឱ្យរាងកាយរឹងមាំ ព្រោះពងទាកូនមានផ្ទុកសារធាតុចិញ្ចឹមច្រើន។ អ្នកជំនាញផ្នែកអាហាររូបត្ថម្ភមិនបានបដិសេធនោះទេចំពោះផលល្អពីការញ៉ាំអាហារប្រភេទនេះ។ 

ប៉ុន្តែ ប្រសិនបើយើងញ៉ាំច្រើនពេកក្នុងមួយថ្ងៃ វាក៏អាចបង្កនូវផលប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ។ ផលប៉ះពាល់ទាំងនោះមានដូចជា ការកើនឡើងនូវខ្លាញ់អាក្រក់ Cholesterol ក្នុងឈាម កើនសម្ពាធឈាម កើនឡើងនូវកម្រិតជាតិស្ករក្នុងឈាម និងបន្ថយនូវកំហាប់ឆ្អឹងជាដើម ។ តោះចូលរួមស្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំ ថាតើមនុស្សប្រភេទណាខ្លះដែលគួរជៀសវាងក្នុងការទទួលទានពងទាកូន។

១) អ្នកមានជំងឺរលាកថ្លើម៖ ថ្លើមជាក្រពេញដ៏ធំជាងគេបំផុត នៃរាងកាយមនុស្ស ដែលមានតួនាទីច្រើនណាស់ក្នុងខ្លួន ដូចជា លាងសម្អាតឈាមនិងជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ ជាកន្លែងរក្សាទុកវីតាមីន និងជាតិរ៉ែសំខាន់ៗ ផលិតទឹកប្រមាត់ដើម្បីជំនួយដល់ការរំលាយអាហារ។ ប្រសិនបើ ថ្លើមយើងមានបញ្ហារលាក ឬខ្សោយ នោះសកម្មភាពទាំងអស់នោះមិនអាចដំណើរការបានល្អទេ ។ ដូច្នេះ ចំពោះអ្នកដែលមានបញ្ហាខាងលើនេះ មិនគួរបរិភោគពងទាកូននោះទេ ព្រោះពងទាកូនមានបរិមាណប្រូតេអ៊ីនច្រើន អាចធ្វើឱ្យថ្លើមរបស់យើងធ្វើសកម្មភាពខ្លាំងក្នុងការសម្របសម្រួលសារធាតុទាំងនោះទៅជាថាមពល ដែលជាហេតុធ្វើឱ្យមុខងារថ្លើម មានការថយចុះកាន់តែខ្លាំង ។

២) អ្នកមានជំងឺ​ឡើងជាតិ​អាស៊ីត​អ៊ុយ​រិក​ក្នុង​ឈាម៖ ពងទាកូនមានផ្ទុកនូវបរិមាណប្រូតេអ៊ីនច្រើន ដូច្នេះប្រសិនបើ អ្នកជំងឺ​ឡើងជាតិ​អាស៊ីត​អ៊ុយ​រិក​​ក្នុង​ឈាម ​​បរិភោគពងទាកូនច្រើននឹងធ្វើឱ្យកំហាប់អាស៊ីតអ៊ុយរិកមានការកើនឡើងថែមទៀត។

៣) អ្នកមានជំងឺខ្សោយតម្រងនោម៖ អ្នកដែលមានបញ្ហាខ្សោយតម្រងនោម ធ្វើឱ្យមានការផ្លាស់ប្តូរសារធាតុផ្សេងៗ នៅក្នុងសារពាង្គ​កាយ​មានការថយចុះ។ រីឯ បរិមាណទឹកនោមក៏មានការថយចុះដែរ ជាហេតុធ្វើឱ្យតម្រងនោមមិនអាចច្រោះជាតិពុលផ្សេងៗ ចេញមកក្រៅរាងកាយយើងបានឡើយ។ ការបរិភោគពងទាកូន​ច្រើន បានធ្វើឱ្យបរិមាណអាស៊ីតអ៊ុយរិកមានការកើនឡើង ដែលជាហេតុធ្វើឱ្យតម្រងនោមមានបញ្ហារហូតដល់រលាក និងបាត់បង់មុខងារ។

៤) អ្នកមានជំងឺក្តៅខ្លួន៖ ការបរិភោគពងទាកូនច្រើននឹងធ្វើ​ឱ្យកំដៅរាងកាយកើនឡើង ​៣០% ថែមទៀត បើធៀបជាមួយកម្តៅរាងកាយធម្មតា។ ដូច្នេះ អ្នកដែលក្តៅខ្លួនមិនគួរបរិភោគពងទាកូននោះទេ។

៥) អ្នកមានជំងឺលើសសម្ពាធឈាម៖ ចំពោះអ្នកជំងឺលើសសម្ពាធឈាមគួរតមទទួលទានពងទាកូន ព្រោះពងទាកូនសម្បូរនូវសារធាតុ Cholesterol ។ យោងតាមអង្គការសុខភាពពិភពលោកបានណែនាំថា អ្នកដែលមានជំងឺលើសសម្ពាធឈាម ត្រូវតែកាត់បន្ថយនូវអាហារទាំងឡាយណា ដែលសម្បូរដោយសារធាតុ Cholesterol

៦) អ្នកដែលមានប្រតិកម្មជាមួយពងទាកូន (អាឡែកស៊ី)៖ សារធាតុប្រូតេអ៊ីនក្នុងពងទាកូន អាចមានប្រតិកម្ម រំញាចជាមួយភ្នាសពោះវៀន ដែលអាចធ្វើឱ្យយើងមានជំងឺរាគរូស ឡើងកន្ទួលរមាស់ ឬក៏រោគសញ្ញាផ្សេងៗទៀត៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ខ្មែរណាស់

0 comments:

Post a Comment