ត្រីសាលម៉ុនជាប្រភេទត្រីសមុទ្រដែលមានសាច់ពណ៌ទឹកក្រូច និងជាមុខម្ហូបមួយដែលមានមនុស្សជាច្រើននិយមចូលចិត្តទទួលទាន ព្រោះថាក្រៅពីមានរសជាតិឆ្ងាញ់ ត្រីសាលម៉ុនក៏ផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ផងដែរ។
យោងតាមទិន្នន័យពីគេហទំព័រសុខភាពបរទេសជាច្រើន ត្រីសាលម៉ុនឆ្អិនទម្ងន់៨៥ក្រាម មានសារធាតុចិញ្ចឹមទាំងកាឡូរី ខ្លាញ់ ប្រូតេអ៊ីន វីតាមីនB សេលេញ៉ូម ផូស្វ័រ វីតាមីនA។ ក្រៅពីនេះ ត្រីសាលម៉ុន ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយនូវបញ្ហារលាកសន្លាក់ និងជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងការចងចាំ។ អាស៊ីតខ្លាញ់នេះមានអត្ថប្រយោជន៍លើប្រព័ន្ធសរសៃប្រសាទ ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ និងសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ។ ត្រីសាលម៉ុន ក៏ជួយការពារកោសិកាក្នុងរាងកាយពីការខូចខាត ជួយរក្សាភាពយឺតនៃកោសិកាស្បែក ជួយបំប៉នដល់កោសិកាស្បែកក្បាល ឱ្យដុះសក់ឡើងវិញ ការពារមិនឱ្យមានសក់ជ្រុះ និងកាត់បន្ថយការចុះខ្សោយនៃកោសិកាផ្សេងៗ។ តោះចូលរួមស្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំពីគុណសម្បត្តិ និងគុណវិបត្តិត្រីសាលម៉ុន ដូចតទៅនេះ។
១) ថែរក្សាភ្នែក៖ ដោយសារតែត្រីសាលម៉ុនសម្បូរទៅដោយ DHA វីតាមីនA អាស៊ីតខ្លាញ់អូមេហ្គា៣ វាក៏ត្រូវបានគេចាត់ទុកថាជាអាហារដ៏ល្អមួយដែលជួយបំប៉នភ្នែក ជាពិសេសបញ្ហាភ្នែកស្ងួត។
២) ជួយបង្កើនថាមពលរាងកាយ៖ វីតាមីនB12 និងវីតាមីនB៣ នៅក្នុងត្រីសាលម៉ុន គឺជាប្រភពថាមពលដ៏សំខាន់ ដែលជួយផ្តល់ថាមពល និងធ្វើឱ្យរាងកាយមានភាពរស់រវើកឡើងវិញ បំបាត់នូវភាពនឿយហត់អស់កម្លាំង។
៣) ជួយបង្កើនប្រព័ន្ធភាពស៊ាំ៖ ត្រីសាលម៉ុនគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន D ដែលជាសារធាតុចិញ្ចឹមមួយអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួន។ ការទទួលបានវីតាមីន D គ្រប់គ្រាន់ក៏ជួយកាត់បន្ថយការរលាកផ្លូវដង្ហើមបានផងដែរ។
៤) ល្អចំពោះសាច់ដុំនិងឆ្អឹង៖ ត្រីសាម៉ុន ១០០ក្រាម មានប្រូតេអ៊ីនជិត ២០ក្រាម។ វាមិនត្រឹមតែមានផ្ទុកនូវវីតាមីន D ដែលជួយរាងកាយស្រូបយកជាតិកាល់ស្យូម តែវាក៏ជាសារធាតុចិញ្ចឹមដែលមានសារៈសំខាន់សម្រាប់កម្លាំង និងការកសាងឆ្អឹង។ ជាងនេះទៅទៀតត្រីសាលម៉ុន ក៏សម្បូរប្រូតេអ៊ីនជាច្រើនអាចជួយបង្កើតសាច់ដុំ និងការពារការបាត់បង់ម៉ាសសាច់ដុំផងដែរ។
៥) ល្អចំពោះបេះដូង៖ ការទទួលទានអាស៊ីតខ្លាញ់អូមេហ្គា៣ អាចជួយធ្វើឱ្យប្រសើរឡើងវិញនូវរោគសញ្ញានៃជំងឺសរសៃឈាមបេះដូង។ ការសិក្សាមួយបានរកឃើញថា មនុស្សដែលបរិភោគត្រីសាលម៉ុនដែលត្រូវបានចម្អិនរួច នឹងអាចកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង។
៦) ជំរុញមុខងារក្រពេញទីរ៉ូអ៊ីត៖ ជាត្រីដែលសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន ត្រីសាលម៉ុនក៏ជាត្រីដែលមានសារជាតិសេលេនីញ៉ូមខ្ពស់ ហើយសារធាតុនេះពិតជាល្អសម្រាប់ដំណើរការនៃក្រពេញទីរ៉ូអ៊ីត ជួយក្នុងដំណើរការមេតាប៉ូលីសឱ្យដំណើរការធម្មតា ហើយសេលេញ៉ូមក៏ជាសារធាតុដែលជួយ ក្នុងដំណើរការបង្កកំណើតផងដែរ។
៧) ល្អសម្រាប់សុខភាពផ្លូវចិត្ត៖ បន្ថែមពីលើរសជាតិឆ្ងាញ់ ត្រីសាលម៉ុនក៏បានធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍រីករាយ។ មានការសិក្សាផ្នែកវេជ្ជសាស្ត្រមួយបានរកឃើញផងដែរថា សារធាតុចិញ្ចឹមនៅក្នុងត្រីសាលម៉ុន អាចជួយកាត់បន្ថយហានិភ័យនៃជំងឺផ្លូវចិត្ត និងជំងឺធ្លាក់ទឹកចិត្ត។
៨) បង្កើនអាយឃ្យូដល់ទារកក្នុងផ្ទៃ៖ បើតាមការសិក្សាមួយពីចក្រភពអង់គ្លេសបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលទទួលទានត្រីសាលម៉ុនឆ្អិនប្រហែល ៣៤០ក្រាមក្នុងមួយសប្តាហ៍ វានឹងជួយកុមារដែលកើតមកឱ្យមានកម្រិតអាយឃ្យូខ្ពស់ និងជួយបង្កើនជំនាញទំនាក់ទំនងដល់កុមារផងដែរ។
ក៏ប៉ុន្តែ ត្រូវចងចាំថា ទោះបីជាត្រីសាលម៉ុនមានអត្ថប្រយោជន៍ច្រើន និងទាញការចូលចិត្តបានពីមនុស្សស្ទើរគ្រប់វ័យ ការទទួលទានត្រីសាលម៉ុនឆៅអាចបង្កើនហានិភ័យនៃជំងឺមួយចំនួន ជាពិសេស ជំងឺដែលបង្កឡើងដោយប៉ារ៉ាស៊ីត ព្រោះត្រីសាលម៉ុនឆៅអាចមានទាំងដង្កូវមូល បើទោះបីជាវាកម្រពិតមែន ប៉ុន្តែបើរកឃើញវាអាចបណ្តាលឱ្យដំបៅក្រពះនិងពោះវៀន ឈឺពោះ តឹងពោះ ចង្អោររាគ ឬទល់លាមក។ ចំណែក សម្រាប់ស្ត្រីមានផ្ទៃពោះដែលទទួលទានត្រីសាលម៉ុនឆៅវិញ ក៏អាចបង្កផលប៉ះពាល់ដល់ទារកផងដែរ ដោយអាចបង្កឱ្យមានភាពស្លេកស្លាំង ឬបណ្តាលឱ្យខ្វះវីតាមីនB1។ លើសពីនេះការទទួលទានត្រីសាលម៉ុនឆៅជាញឹកញាប់ និងក្នុងបរិមាណច្រើន ក៏អាចធ្វើឱ្យអ្នកប្រឈមនឹងការរមាស់បំពង់ក ពីប៉ារ៉ាស៊ីតដែលឆ្លងកាត់បំពង់អាហារទៅបំពង់ក។ បន្ថែមលើនេះ ការបរិភោគត្រីសាលម៉ុនឆៅជ្រលក់ទឹកជ្រលក់ប្រៃក៏បង្កើនហានិភ័យ នៃជំងឺលើសឈាមផងដែរ។ យ៉ាងណាក៏ដោយ ទោះបីជាមានគុណវិបត្តិខ្លះៗក៏ពិតមែន ប៉ុន្តែមិនមែនបានន័យថាអ្នកលែងអាចទទួលទានត្រីសាលម៉ុនឆៅបានទៀតនោះទេ គ្រាន់តែត្រូវយល់ដឹងពីរបៀបទទួលទាន តែប៉ុណ្ណោះ ៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក vayofm
0 comments:
Post a Comment