ធុរេន គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរនិយមក្នុងការទទួលទាន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូប និងមានសំបកខាងក្រៅដ៏មុតស្រួចដូចបន្លាអីចឹង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ១០យ៉ាង របស់ផ្លែធុរេនដែលល្អចំពោះសុខភាព៖
១) ជាប្រភពថាមពលដ៏ប្រសើរ៖ ញ៉ាំធុរេនចំនួន ២៤៣ ក្រាម ក្នុងមួយថ្ងៃ ស្មើនឹងជាតិកាបូនអ៊ីដ្រាត ២០% នៃតម្រូវការប្រចាំថ្ងៃ ដែលអាចបំពេញជាតិស្ករបានយ៉ាងល្អ ហើយអាចគ្របដណ្ដប់ជាតិស្ករបានពេញមួយថ្ងៃទៀតផង។
២) មានជាតិសរសៃខ្ពស់៖ ផ្លែធុរេន មានផ្ទុកនូវជាតិសរសៃខ្ពស់។ ការញ៉ាំធុរេនម្ដងៗ អាចជួយបំពេញជាតិសរសៃបានដល់ទៅ ៣៧% នៃតម្រូវការប្រចាំថ្ងៃ របស់សាពាង្គកាយ។
៣) មានកាឡូរីខ្ពស់៖ ញាំផ្លែធុរេន តែមួយក្លែបអាចទទួលបាន ៣៥០កាឡូរី និងជាតិខ្លាញ់ល្អ ដែលរាងកាយត្រូវការចំនួន ១៣ក្រាម។
៤) មានផ្ទុកនូវវីតាមីន C ខ្ពស់៖ ផ្លែធុរេនមានផ្ទុកនូវ វីតាមីន C ខ្ពស់ ដែលអាចជួយទប់ស្កាត់ជម្ងឺមួយចំនួន ជួយបំពេញជាតិកូឡេស្តេរ៉ុល និងធ្វើឲ្យលំហូរឈាមមានភាពប្រសើរឡើង។
៥) មានផ្ទុកនូវវីតាមីន B៖ ផ្លែធុរេនក៏មានផ្ទុកនូវ វីតាមីន B ដែលអាចជួយរក្សាតុល្យភាពក្នុងខ្លួន ការពារភាពចាស់ជ្រៀវជ្រួញ និងជម្ងឺបេះដូង ថែមទាំងជួយបង្កើនកូឡេស្តេរ៉ុលល្អ និងជួយបង្កើនកម្រិតអ័រម៉ូន ម្យ៉ាងដែលអាចកាត់បន្ថយអារម្មណ៍តានតឹងចំពោះអ្នកដែលមានជម្ងឺបាក់ទឹកចិត្ត។
៦) សម្បូរជាតិដែក និងទង់ដែង៖ ធុរេនសម្បូរទៅដោយជាតិដែក និងទង់ដែង ដែលសារធាតុទាំងពីរនេះអាចបង្កើតកោសិកាឈាមក្រហមដែលធ្វើឲ្យសុខភាពល្អ។ ធុរេនក៏មានផ្ទុកនូវសារជាតិម៉ង់កាណែសដែលជួយឲ្យឆ្អឹងរឹងមាំ និងធ្វើឲ្យស្បែកមានភាពភ្លឺរលោង។
៧) សម្បូរជាតិប៉ូតាស្យូម៖ សារធាតុប៉ូតាស្យូមមានសារៈសំខាន់ណាស់ ដែលអាចជួយគ្រប់គ្រងសំពាធឈាម រក្សាកម្រិតសូដ្យូម និងជួយការគ្រប់គ្រងចង្វាក់បេះដូងទៀតផង។
៨) មានផ្ទុកសារជាតិម្យ៉ាងដែលជួយឲ្យគេងលក់ស្រួល៖ សារជាតិម្យ៉ាងដែលមាននៅក្នុងផ្លែធុរេន ត្រូវបានគេទទួលស្គាល់ថាជាថ្នាំងងុយគេងបែបធម្មជាតិដ៏ល្អ ជាពិសេសការទទួលទានធុរេនពេលក្បាលព្រលប់អាចជួយឲ្យគេងលក់យ៉ាងស្កប់ស្កល់។
៩) មានផ្ទុកនូវវីតាមីន B1៖ ប្រសិនបើអ្នកចង់បានវីតាមីន B1 បន្ថែមក្នុងរាងកាយ ផ្លែធុរេនគឺជាជម្រើសដ៏ល្អ ព្រោះធុរេនមានផ្ទុកនូវវីតាមីន B1 ប្រហែលជា ៣០% ដែលអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់រាងកាយបានយ៉ាងល្អ។
១០) មានផ្ទុកនូវអាស៊ីដហ្វូឡេត (folate)៖ ធុរេនសម្បូរទៅដោយជាតិអាស៊ីដ folate ដែលអាចជួយក្នុងការបង្ការជំងឺបេះដូង និងជួយឲ្យខួរក្បាលចងចាំបានល្អ។
***ចំណាំ៖ ទោះបីជាការទទួលទានផ្លែធុរេនផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែប្រសិនបើ ទទួលទានច្រើនពេកក៏បានផ្ដល់នូវផលមិនល្អចំពោះសុខភាពផងដែរ ដូចជា៖ ប៉ះពាល់ក្រពះ, រាគ, ក្អួត ឬប្រតិកម្មអាលែហ្សី ចំពោះមនុស្សមួយចំនួន ។ ចំពោះស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានកម្រិតកូរេស្រ្តេរ៉ូលខ្ពស់ មិនគួរបរិភោគផ្លែធុរេននោះទេ ព្រោះវាធ្វើឱ្យកើនឡើងនូវសម្ពាធឈាមក្នុងខ្លួន។ លើសពីនេះទៅទៀត ចំពោះអ្នកដែលមានជម្ងឺតម្រងនោម ជាពិសេសអ្នកដែលកំពុងព្យាបាលការលាងឈាម ក៏មិនត្រូវបានលើកទឹកចិត្តឱ្យបរិភោគផ្លែធុរេនផងដែរ ពីព្រោះតែពួកគាត់លែងមានសមត្ថភាពបញ្ចោញសារធាតុចិញ្ចឹមចេញពីរាងកាយ (ដូចជា ប៉ូតាស្យូម) ជាដើម ដែលការទទួលទានជាតិប៉ូតាស្យូមខ្ពស់ គឺអាចបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងឈាម៕
រៀបចំដោយ #SharedKnowledgeHealth
ឯកសារយោង # គេហទំព័រក្នុងស្រុកសប្បាយ និង KBN
0 comments:
Post a Comment