Wednesday, June 12, 2024

អត្ថប្រយោជន៍របស់ពពាយជ្រុង ល្អសម្រាប់សុខភាព និងសម្រស់

 ការទទួលទានពពាយជ្រុងជាប្រចាំអាចផ្តល់ទាំងសុខភាពល្អ និងអាចជួយជម្រុញសម្រស់ខាងក្រៅរបស់យើងឱ្យកាន់តែស្រស់ស្អាតផងដែរ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិទាំង ១០យ៉ាងរបស់ពពាយជ្រុងដែលល្អសម្រាប់សុខភាព និងសម្រស់៖

១) ការពារភាពចាស់មុនអាយុ៖ ពពាយជ្រុងផ្ទុកនូវវីតាមីន C និងវីតាមីន A ដែលវីតាមីនទាំងពីរនេះមានប្រសិទ្ធភាព ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ដែលអាចការពាររោគសញ្ញាចាស់មុនអាយុ ដូចជា៖ ការលេចចេញស្នាមជ្រីវជ្រួញ និងស្នាមភ្លឺនៅលើស្បែក។

២) ថែរក្សាភាពរស់របស់ស្បែក៖ កម្រិតខ្ពស់ នៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងពពាយជ្រុងអាចធានាថា ស្បែករក្សាភាពបត់បែន និងធ្វើឱ្យស្បែកមើលទៅក្មេងជាងវ័យ។

៣) មានកាឡូរីទាប៖ ផ្លែខ្ចីរបស់ពពាយជ្រុងមានផ្ទុកនូវកាឡូរីទាប។ ពពាយជ្រុង ១០០ ក្រាម មានប្រហែល ៤៩ កាឡូរី ដែលល្អសម្រាប់អ្នកដែលចង់ស្រកទម្ងន់ ។

៤) សំបូរទៅដោយវីតាមីន C ពពាយជ្រុងផ្ទុកដោយវីតាមីន C ដែលជួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។ ក្រៅពីនេះ ពពាយជ្រុងក៏អាចជួយរក្សាភាពយឺត នៃសរសៃឈាម និងការពាររាងកាយពីជំងឺមហារីកផងដែរ។

៥) សំបូរសារធាតុរ៉ែ និងវីតាមីន៖ ពពាយជ្រុងមានផ្ទុកបរិមាណរ៉ែសំខាន់ៗជាច្រើន ដូចជា៖ ជាតិដែក ម៉ង់ហ្គាណែស ទង់ដែង កាល់ស្យូម ផូស្វ័រ និងម៉ាញ៉េស្យូម។ ក្រៅពីនេះ ពពាយជ្រុងក៏មានផ្ទុកនូវវីតាមីនA ជាច្រើនដែលជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលក្នុងការការពារការខូចខាតនៃ DNA ។ រីឯ វីតាមីន B ដែលមានតួនាទីធ្វើឱ្យប្រសើរឡើង នូវភាពរឹងមាំនៃអារម្មណ៍ និងថាមពល។ ចំណែកឯ វីតាមីន E ក៏ត្រូវបានគេរកឃើញនៅក្នុងខ្លាញ់មិនឆ្អែត ដែលទទួលបានពីពពាយជ្រុងផងដែរ។

៦) ប្រភពនៃសារធាតុហ្វូឡេត (Folate)៖ ពពាយជ្រុងក៏ជាប្រភពសម្បូរជាតិ Folate ដែលជាសមាសធាតុចាំបាច់ សម្រាប់សំយោគ DNA និងការបែងចែកកោសិកា។ ចំពោះស្ត្រី បរិមាណ Folate គ្រប់គ្រាន់នៅក្នុងរបបអាហារអំឡុងពេលមានផ្ទៃពោះ អាចជួយការពារពីភាពមិនប្រក្រតី នៃបំពង់សរសៃប្រសាទចំពោះទារកទើបនឹងកកើតផងដែរ។

៧) មានជាតិប្រូតេអ៊ីនខ្ពស់៖ បើនិយាយពីបរិមាណ និងគុណភាពនៃប្រូតេអ៊ីន គ្រាប់ពពាយជ្រុង គឺល្អដូចសណ្តែកសៀងផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ពពាយជ្រុងមានតំលៃប្រូតេអ៊ីនដូចទឹកដោះគោ ដែលអាចជួយបំប៉នទារកដែលខ្វះប្រូតេអ៊ីនបាន។

៨) មានផ្ទុកនូវខ្លាញ់ដែលមានសុខភាពល្អ៖ មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ សម្រាប់សុខភាពរបស់យើងទេ។ ខ្លាញ់ល្អ ពិតជាសំខាន់សម្រាប់រាងកាយរបស់យើងណាស់ ហើយពពាយជ្រុងមានផ្ទុកនូវខ្លាញ់ល្អ ដែលខ្លាញ់ទាំងអស់នេះអាចផ្តល់ឱ្យរាងកាយមានសុខភាពល្អ។

៩) សម្បូរជាតិកាល់ស្យូម៖ ពពាយជ្រុង គឺសំបូរទៅដោយជាតិកាល់ស្យូម និងផូស្វ័រ ដែលសមាសធាតុទាំងពីរនេះ ជួយក្នុងការកសាងឆ្អឹងឱ្យរឹងមាំ និងជួយបង្កើតថាមពលដល់អ្នកដែលឈឺ និងខ្សោយ។

១០) មានផ្ទុកនូវសមាសធាតុនៃស្ករ៖ ស្ករ ទោះបីភាគច្រើនទាក់ទងនឹងបញ្ហាសុខភាព ក៏វាមិនមែនតែងតែអាក្រក់នោះដែរ។ រាងកាយរបស់យើងត្រូវការបរិមាណជាតិស្ករគ្រប់គ្រាន់ ដើម្បីដំណើរការឱ្យបានត្រឹមត្រូវ និងរក្សាកម្រិតថាមពលល្អបំផុត។ ពពាយជ្រុងមានផ្ទុកជាតិស្ករគ្រប់ប្រភេទ ដូចជា៖ ហ្វុចតូស គ្លុយកូស ឡាក់តូស ស៊ុចក្រូស កាឡាក់តូស និង មាល់តូស ដែលស្ករទាំងនេះ ខ្លះមានសារៈសំខាន់សម្រាប់ការលូតលាស់នៃបាក់តេរី Probiotic នៅក្នុងពោះវៀនរបស់យើង ដែលជួយក្នុងការរំលាយអាហារឱ្យបានត្រឹមត្រូវ។ ពពាយជ្រុងផ្តល់នូវសមាសធាតុនៃស្ករ ដែលល្អសម្រាប់សុខភាពរបស់យើង។  

រៀបចំដោយ #SharedKnowledgeHealth

ឯកសារយោង # គេហទំព័រក្នុងស្រុក ស្ពាន

 

0 comments:

Post a Comment