ល្ហុង គឺជាផ្លែឈើមួយប្រភេទដែលមិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាព រួមទាំងវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជាមួយជំងឺផ្សេងៗ។
១) បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ៖ ផ្លែល្ហុង គឺមានផ្ទុកនូវសារធាតុអង់ស៊ីមមួយប្រភេទដែលអាចជួយធ្វើឲ្យការគ្រប់គ្រងដំណើរការពោះវៀន និងការរំលាយអាហារមានលក្ខណៈកាន់តែប្រសើរឡើង។
២) កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ៖ ផ្លែល្ហុង គឺមានផ្ទុកសមាសធាតុមានប្រយោជន៍មួយចំនួនដែលជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អតាមបែបធម្មជាតិ ដែលរួមបញ្ចូលទាំងវីតាមីន C , ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវធ្វើឲ្យអ្នកជៀសផុតពីបញ្ហានៃជំងឺបេះដូង, ស្ទះសសៃឈាម, គាំងបេះដូង និងខ្សោយបេះដូងជាដើម។ ដូច្នេះ ចូរបន្ថែមល្ហុងក្នុងរបបអាហារប្រចាំថ្ងៃ ហើយអ្នកនឹងសម្គាល់ឃើញលទ្ធផលល្អប្រសើរដោយខ្លួនឯង។
៣) ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ៖ ផ្លែល្ហុង គឺជាប្រភពដ៏ល្អប្រសើរនៃវីតាមីន C ដែលបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំតាមបែបធម្មជាតិ ដែលធ្វើឲ្យរាងកាយមានសុខភាពល្អ។ ប្រព័ន្ធភាពស៊ាំដើរតួនាទីជាខែលការពាររាងកាយពីជំងឺផ្សេងៗ រួមទាំងរោគឆ្លងផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវប្រព័ន្ធភាពស៊ាំមួយដែលរឹងមាំនោះ ចូរចាប់ផ្ដើមទទួលទានផ្លែល្ហុងជាប្រចាំ។
៤) ជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ល្ហុង គឺជាជម្រើសល្អមួយនៃផ្លែឈើសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ដោយសារវាផ្ទុកកម្រិតនៃជាតិស្ករទាប។
៥) ល្អសម្រាប់សុខភាពភ្នែក៖ ផ្លែល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន A និង វីតាមីន C ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពភ្នែក ល្អប្រសើរមើលឃើញបានច្បាស់។
៦) ជួយព្យាបាលជំងឺរលាកសន្លាក់៖ បរិមាណនៃវីតាមីន C នៅក្នុងផ្លែល្ហុង គឺមានប្រសិទ្ធិភាពខ្ពស់ជួយព្យាបាលប្រយុទ្ធប្រឆាំង ក៏ដូចជាទប់ស្កាត់បញ្ហានៃជំងឺរលាកសន្លាក់។
៧) បំបាត់ការឈឺចាប់ពេលមករដូវ៖ ផ្លែល្ហុង គឺមានផ្ទុកនូវសារធាតុអង់ស៊ីមមួយប្រភេទជួយគ្រប់គ្រងចរន្តឈាម និងកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ ដែលជាជម្រើសល្អសម្រាប់ស្រ្តីយើងដែលគាត់មករដូវប្រចាំ។
៨) បំបាត់អាការៈចង្អោរចង់ក្អួត ឬចាញ់កូន៖ ការទទួលទានផ្លែល្ហុងតិចតួចកំឡុងពេលមានផ្ទៃពោះ គឺមានប្រយោជន៍ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយវាជួយសម្រាល ក៏ដូចជាបំបាត់អាការៈចាញ់កូន ព្រោះផ្លែល្ហុង សម្បូរទៅដោយវីតាមីន C និង E រួមទាំងសារធាតុ folate។ លើសពីនេះទៅទៀត ជាតិសសៃនៃផ្លែល្ហុង ក៏មានប្រសិទ្ធិភាពក្នុងការសម្រាលអាការៈទល់លាមក, ក្រហាយទ្រូង, ហើមពោះ និងច្រាលអាស៊ីតពីក្រពះដែលជាទូទៅកើតមានកំឡុងពេលមានផ្ទៃពោះផងដែរ៕ តែបញ្ជាក់ស្ត្រីមានផ្ទៃពោះគួរតែទទួលផ្លែល្ហុងទុំក្នុងកម្រិតមួយតិចតួចបំផុត។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ពី៖ សុខភាពក្នុងស្រុក តាមរយៈ Health.com.kh
0 comments:
Post a Comment