ឆៃថាវជាប្រភេទបន្លែម៉្យាងដែលមានស្លឹកពណ៌បៃតង និងមានមើមពណ៌ស ដែលប្រជាជនខ្មែរយើងនិយមក្នុងការដាំដុះផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការទទួលទានឆៃថាវ ដែលល្អសម្រាប់សុខភាព៖
១) កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ ឆៃថាវ មានផ្ទុកសារធាតុម៉្យាងដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ក្រៅពីនេះ ឆៃថាវ ក៏មានផ្ទុកវីតាមីន C ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលក្នុងការការពារទប់ស្កាត់ការបំផ្លាញ DNA ក្នុងកោសិកាពីរ៉ាឌីកាល់សេរី ជាហេតុធ្វើឱ្យហានិភ័យនៃជំងឺមហារីកត្រូវបានកាត់បន្ថយ។
២) ទប់ស្កាត់ប្រយុទ្ធប្រឆាំងអាការៈទល់លាមក៖ ឆៃថាវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ ហើយមានប្រសិទ្ធភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ ហើយវាក៏ជួយសម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។
៣) គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ឆៃថាវ គឺមានផ្ទុកសន្ទស្សន៍ជាតិស្ករទាបដែលមានន័យថា ការទទួលទានវាមិនផ្ដល់ផលប៉ះពាល់អ្វីចំពោះកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។ វាក៏ជួយក្នុងការគ្រប់គ្រងការស្រូបយកនូវជាតិស្ករទៅក្នុងចរន្តឈាមដែលមានន័យថា អ្នកជំងឺទឹកនោមផ្អែម មិនចាំបាច់ព្រួយបារម្ភច្រើនអំពីការធ្លាក់ចុះ ឬឡើងខ្ពស់ភ្លាមៗនៃកម្រិតជាតិស្ករនៅពេលទទួលទាន។
៤) ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ៖ ឆៃថាវ មានផ្ទុកសម្បូរទៅដោយជាតិទឹក ហេតុនេះហើយទើបវាជាអាហារដ៏ល្អសម្រាប់សុខភាពដែលជួយក្នុងការរក្សាជាតិទឹក និងសំណើមក្នុងរាងកាយ។ ការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ គឺល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ ដោយជួយឲ្យជៀសផុតពីអាការៈទល់លាមក ហើយធានានូវការស្រូបយកសារធាតុចិញ្ចឹមល្អៗពីអាហារដែលបានទទួលទាន និងបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ។
៥) គ្រប់គ្រងសម្ពាធឈាម៖ ឆៃថាវ ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយបញ្ហានៃសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតី។
៦) សុខភាពស្បែក៖ ឆៃថាវ ក៏មានផ្ទុកនូវសារជាតិផូស្វ័រ, វីតាមីន C, ស័ង្កសី និងវីតាមីន B ដែលល្អ សម្រាប់សុខភាពស្បែក ជាតិទឹកដែលមាននៅក្នុងឆៃថាវ ក៏អាចជួយក្នុងការរក្សាបាននូវកម្រិតជាតិសំណើមក្នុងស្បែកផងដែរ។ ចំណែកសារធាតុសម្លាប់មេរោគបាក់តេរីនៃឆៃថាវ គឺជួយទប់ស្កាត់បញ្ហាស្បែកមួយចំនួនដូចជា រោលកន្ទួលក្រហម និងស្បែកស្ងួតប្រេះ។
៧) ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ៖ ឆៃថាវ មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលសំខាន់ចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយឲ្យកាន់តែមានលក្ខណៈប្រសើរឡើង ដោយការជំនួសកោសិកាឈាមស និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗពីជំងឺផ្តាសាយធម្មតារហូតដល់ជំងឺមហារីកទៀតផង៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Health.com.kh
0 comments:
Post a Comment