បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាបានឱ្យតម្លៃខ្លាំងលើការទទួលទានទឹកដូង ជាហេតុធ្វើឱ្យទឹកដូងក្លាយជាភេសជ្ជៈមួយជាទីពេញនិយមក្នុងចំណោមភេសជ្ជៈផ្សេងៗទៀត ថែមទាំងមានរសជាតិឆ្ងាញ់ និងមានអត្ថប្រយោជន៍សម្រាប់សុខភាពទៀតផង។
ទឹកដូងមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដូចជា សារធាតុរ៉ែ ដែលសារពាង្គកាយយើងត្រូវការជាប្រចាំថ្ងៃ។
ដោយឡែក ទឹកដូងខ្ចីត្រូវបានគេរកឃើញថា ជាប្រភពល្អបំផុតនៃជាតិសរសៃ (Fiber) និងវីតាមីន (Vitamin) និងមានផ្ទុកនូវ ៖
-ជាតិស្ករ៖ 9 ក្រាម
-ជាតិសរសៃ៖ 3 ក្រាម
-ប្រូតេអ៊ីន៖ 2 ក្រាម
-វីតាមីនសេ៖ 10%
-ម៉ាញ៉េស្យូម៖ 15%
-ម៉ង់កាណេស៖ 17%
-ប៉ូតាស្យូម៖ 17%
-សូដ្យូម៖11%
-កាល់ស្យូម៖ 6%
ខាងក្រោមនេះជាគុណប្រយោជន៍នៃការទទួលទានទឹកដូងដែលល្អសម្រាប់សុខភាពរាងកាយ៖
១) ទឹកដូងផ្ទុកសារធាតុចិញ្ចឹមយ៉ាងល្អ៖ ទឹកដូងខ្ចី គឺជាទឹកផ្លែឈើធម្មជាតិបំផុត ហើយមានផ្ទុកនូវជាតិទឹករហូតដល់ ៩៤% នឹងមានសារធាតុខ្លាញ់ដែលអាចធ្វើឲ្យធាត់មានចំនួនតិចតួចបំផុត។
២)ការប្រឆាំងនឹងជម្ងឺទឹកនោមផ្អែម៖ យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ទឹកដូងអាចជួយ គ្រប់គ្រង និងធ្វើឲ្យប្រសើរឡើងនៃកម្រិតជាតិស្ករក្នុងឈាម ព្រោះតែទឹកដូងមានផ្ទុកសារធាតុម៉ាញ៉េស្យូមដែលអាចជួយបង្កើនរំញោចអាំងស៊ុយលីន ហើយអាចកាត់បន្ថយកម្រិតជាតិស្ករបានយ៉ាងល្អ។
៣) ជួយការពារគ្រួសក្នុងតម្រងនោម៖ ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារគ្រួសនៅក្នុងតម្រងនោម។ ទឹកដូងពិតជាមានសក្តានុពលក្នុងការការពារគ្រួសក្នុងតម្រងនោមបាន។
៤) ថែរក្សាសុខភាពបេះដូង៖ ការញ៉ាំទឹកដូង គឺមានប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ការសិក្សាមួយបានបង្ហាញថា ការញ៉ាំទឹកដូងក៏អាចកាត់បន្ថយកូលេស្តេរ៉ូល (cholesterol) និងទ្រីគ្លីសេរីត (triglycerides)។
៥) ជួយកាត់បន្ថយសម្ពាធឈាម៖ ទឹកដូងអាចជួយកាត់បន្ថយសម្ពាធឈាម និងអាចកាត់បន្ថយហានិភ័យ នៃការកកឈាមនៅក្នុងសរសៃឈាម។
៦) ល្អសម្រាប់ការធ្វើលំហាត់ប្រាណ៖ ទឹកដូង គឺជាភេសជ្ជៈដ៏ល្អឥតខ្ចោះសម្រាប់ការបង្កើនជាតិទឹក និងការបំពេញបន្ថែមនូវអេឡិចត្រូលីត្រដែលបានបាត់បង់ ក្នុងពេលធ្វើលំហាត់ប្រាណ។ អេឡិចត្រូលីត្រ គឺជាសារធាតុរ៉ែដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងរាងកាយ រួមទាំង អាចរក្សាតុល្យភាពជាតិទឹកបានយ៉ាងត្រឹមត្រូវ រួមមាន ប៉ូតាស្យូម ម៉ាញ៉េស្យូម សូដ្យូម និងជាតិកាល់ស្យូម។
រៀបចំបង្កើតដោយ #SharedKnowledgeHealth
ឯកសារយោង #គេហទំព័រក្នុងស្រុក
0 comments:
Post a Comment