ក្រូច ជាផ្លែឈើមួយប្រភេទ ដែលលោកអ្នកស្គាល់ច្បាស់ និងពេញនិយមសម្រាប់ការទទួលទាន ក្នុងការទ្រទ្រង់សុខភាពផងដែរ។ ក្រូចមិនត្រឹមតែល្អ ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំង ជាផលិតផល ថែរក្សាស្បែក បែបធម្មជាតិដ៏សំខាន់ លើសគេមួយប្រភេទទៀតផង។ ខាងក្រោមនេះគឺជាគុណសម្បត្ដិដ៏វិសេសវិសាល របស់ក្រូច ចំពោះសុខភាព៖
១) ជំងឺដាច់សសៃឈាមខួរក្បាល៖ សមាគមន៍បេះដូង អាមេរិកបានផ្តល់អនុសាសន៍ថា អ្នកគួរទទួលទាន ផ្លែក្រូចឲ្យបានច្រើន ដើម្បីកាត់បន្ថយ ហានិភ័យនៃជំងឺ ដាច់សសៃឈាមខួរក្បាល បានដល់ទៅ ១៩%។
២) សម្ពាធឈាម ៖ តាមរយៈ ការទទួលទាន អាហារមាន ជាតិសូដ្យូមទាប និងផ្លែក្រូច ឬទឹកក្រូចជាប្រចាំ នោះកម្រិតនៃ សម្ពាធឈាមរបស់អ្នក នឹងថយចុះ គួរឲ្យកត់សម្គាល់ ធ្វើឲ្យអ្នក ជៀសឆ្ងាយពី ជំងឺសម្ពាធឈាមឡើងខ្ពស់។ ផ្លែក្រូច មានផ្ទុកនូវ ជាតិប៉ូតាស្យូមដែលមាន ប្រសិទ្ធភាព កាត់បន្ថយអាត្រានៃការស្លាប់ ដោយសារ បញ្ហាសុខភាពផ្សេងៗ បានដល់ទៅ ២០%។
៣) ជំងឺមហារីក៖ ផ្លែក្រូច និងទឹកក្រូច អាចកាត់បន្ថយ ហានិភ័យ នៃការវិវត្តន៍ ជំងឺមហារីក គ្រាប់ឈាមចំពោះកុមារ ជាពិសេស ប្រសិនបើ ពួកគេបាន ទទួលទាន ចាប់ពីវ័យ២ឆ្នាំឡើង។ ក្រូច មានផ្ទុកនូវវីតាមីន C ដែលជាសារធាតុ ប្រឆាំងអុកស៊ីតកម្មមួយ មានប្រសិទ្ធភាព កម្ចាត់រ៉ាឌីកាល់សេរី ដែលបង្កជំងឺមហារីក។ ផ្លែក្រូច ក៏មានផ្ទុកជាតិសសៃ ហើយការទទួលទាន អាហារមានជាតិសសៃខ្ពស់ ជាប្រចាំអាចជួយ កាត់បន្ថយ ហានិភ័យ នៃជំងឺមហារីក ចុងពោះវៀនធំ។
៤) សុខភាពបេះដូង៖ សុខភាពបេះដូងល្អ គឺសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប។ ក្រូចមានប្រសិទ្ធភាព រក្សាសុខភាពបេះដូង បានតាមរយៈ សារធាតុចិញ្ចឹម ជាច្រើនដែលវាមាន រួមបញ្ចូលទាំង វីតាមីន C, ជាតិសសៃ និងប៉ូតាស្យូម។
៥) ជំងឺទឹកនោមផ្អែម៖ ផ្លែក្រូច អាចជួយ កម្ចាត់ជំងឺទឹកនោមផ្អែម ជាពិសេស ជំងឺទឹកនោមផ្អែម ប្រភេទទី ១ ក៏ព្រោះបរិមាណ នៃជាតិសសៃ ដែលមាននៅក្នុងផ្លែក្រូច។ ការទទួលទាន អាហារផ្លែឈើ ដែលសម្បូរទៅដោយ ជាតិសសៃជាប្រចាំ គឺអាចជួយ កាត់បន្ថយកម្រិត នៃជាតិស្ករក្នុងឈាម ប្រកបដោយប្រសិទ្ធភាព។ ក្រូច ក៏មានប្រយោជន៍ និងជាជម្រើសនៃ ផ្លែឈើដ៏ល្អ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ប្រភេទទី ២ ផងដែរ តាមរយៈ ជាតិសសៃដែលមាននៅក្នុងក្រូច អាចជួយ រក្សាភាពប្រក្រតី នៃកម្រិតជាតិខ្លាញ់, អាំងស៊ុយលីន និងជាតិស្ករក្នុងឈាម។
៦) សុខភាពស្បែក៖ ផ្លែក្រូច មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ ដែលជាសារធាតុ ប្រឆាំងអុកស៊ីតកម្មមួយជួយការពារ ប្រឆាំងការបំផ្លាញស្បែក ដោយសារជាតិពុល និងពន្លឺព្រះអាទិត្យ។ វីតាមីន C ក៏ជួយកាត់បន្ថយ ការលេចឡើងនូវ ស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងបន្តឹងស្បែកផងដែរ។ វីតាមីននេះ គឺចាំបាច់ណាស់ក្នុងការបង្កើតកូឡាជែន ដែលជាប្រូតេអ៊ីនមួយ ក្នុងរាងកាយ ទទួលខុសត្រូវ ទប់ស្កាត់បញ្ហាចាស់តាមវ័យនៃស្បែក៕
រៀបចំដោយ #SharedKnowledgeHealth
0 comments:
Post a Comment