Wednesday, May 1, 2024

ការទទួលទានកាហ្វេទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព

កាហ្វេ គឺជាភេសជ្ជៈមួយប្រភេទ ដែលជាទីពេញនិយមសម្រាប់មនុស្សទូទៅ។ ចុះសម្រាប់អ្នកវិញ កាហ្វេជាភេសជ្ជៈដែលអ្នកចូលចិត្តដែរឬទេ? ដោយហេតុថា កាហ្វេមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹមដែលមានប្រយោជន៍ និងអាចជួយបង្កើនសុខភាព ជាពិសេសសុខភាពរបស់កោសិកាថ្លើម និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរជាច្រើនទៀតផង។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ៦យ៉ាងនៃការទទួលទានកាហ្វេដែលល្អសម្រាប់សុខភាព៖ 

១) ល្អសម្រាប់សុខភាពរបស់ថ្លើម៖ ថ្លើម គឺជាសរីរាង្គដ៏អស្ចារ្យមួយដែលនាំមកនូវមុខងារយ៉ាងសំខាន់ នៅក្នុងរាងកាយយើង។ យ៉ាងណាមិញ សម្រាប់អ្នកដែលចូលចិត្តទទួលទានកាហ្វេ គឺល្អប្រសើរចំពោះសុខភាពថ្លើម ដោយសារកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមួយចំនួនដែលពាក់ព័ន្ធនឹងថ្លើម ដូចជា៖  ជំងឺមហារីកថ្លើម ជំងឺក្រិនថ្លើម ពិសេសទៀតនោះ អាចជួយទប់ស្កាត់ជំងឺខ្លាញ់រុំថ្លើមបានផងដែរ។ បើយោងតាមការសិក្សារបស់អាមេរិកទៅលើប្រជាជន ១/៣ នៃប្រជាជនទាំងអស់បានបង្ហាញថា កាហ្វេអាចជួយកាត់បន្ថយជំងឺខ្លាញ់រុំថ្លើម និងខួរក្បាលរហូតដល់ទៅ ៤៤% ឯណោះ។  ដូច្នេះ ដើម្បីទទួលបានសុខភាពថ្លើមឲ្យកាន់តែល្អ គឺត្រូវធ្វើលំហាត់ប្រាណផងដែរ ក្នុងរយៈពេល ៣០ ទៅ ៦០នាទី ជារៀងរាល់ថ្ងៃ។

២) ជួយបង្ការពីជំងឺវង្វេងវង្វាន់៖ ការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature បានបង្ហាញថា សមាសធាតុកាហ្វេអ៊ីនដែលមានក្នុងកាហ្វេអាចជួយបង្កើតអង់ស៊ីមម៉្យាង ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ក៏មានការសិក្សាមួយ កាលពីឆ្នាំ២០១៦ បានសិក្សាទៅលើស្រ្តីជាង ៦ពាន់នាក់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ដោយបញ្ជាក់ថា ការទទួលទានកាហ្វេ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺភ្លេចភ្លាំង បានដល់ទៅ ៣៦%។ ដូច្នេះ ដើម្បីទទួលបានផលប្រយោជន៍ពីការទទួលទានកាហ្វេ ត្រូវទទួលទានកាហ្វេពី ២ ទៅ ៣ពែង ក្នុងមួយថ្ងៃ។

៣) ប្រឆាំងនឹងជំងឺមហារីក៖ កាហ្វេអាចប្រឆាំង និងទប់ស្កាត់ហានិភ័យនៃការកើតជំងឺមហារីកផងដែរ។ បើយោងតាមអង្គការសុខភាពពិភពលោកបានធ្វើការសិក្សា និងស្រាវជ្រាវកាលពីឆ្នាំ២០១៦ បានបង្ហាញថា កាហ្វេអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺមហារីក ដូចជា មហារីកសុដន់ មហារីកពោះវៀនធំ មហារីកថ្លើម។

៤) ធ្វើឲ្យមានអាយុវែង៖ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា បុរសដែលទទួលទានកាហ្វេ ពី ៤ ទៅ ៦ពែង ក្នុងមួយថ្ងៃ គឺអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១០% ។ រីឯ ស្រ្តីដែលទទួលទានកាហ្វេក៏អាចកាត់បន្ថយសេចក្តីស្លាប់ដល់ទៅ ១៥%។ លើសពីនេះ វាក៏អាចបង្ការការកើត ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រឆាំងនឹងការរលាកបានផងដែរ។

៥) ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត៖ ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្តាលឲ្យជីវិតធ្លាក់ចុះ។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard ដែលបានចេញផ្សាយក្នុងឆ្នាំ២០១១ បានបង្ហាញថា ស្ត្រីដែលផឹកកាហ្វេ ចាប់ពី ៤ពែងឡើងទៅ ក្នុងមួយថ្ងៃ អាចមានការថយចុះហានិភ័យនៃការធ្លាក់ទឹកចិត្ត ដល់ទៅ ២០%។ ជាក់ស្តែង ការសិក្សាមួយផ្សេងទៀត ទៅលើមនុស្សប្រហែល ២ពាន់នាក់ បានបង្ហាញថា ប្រសិនបើអ្នកដែលផឹកកាហ្វេចាប់ពី ៤ពែងឡើងទៅ ក្នុងមួយថ្ងៃ គឺទំនងជាមិនប្រឈម នឹងការធ្វើអត្តឃាតខ្លួនឯង ដល់ទៅ ៥៣%។

៦) បង្កើនចំណង់ផ្លូវភេទ៖ យោងតាមការសិក្សាស្រាវជ្រាវមួយ បានបញ្ជាក់ឲ្យឃើញថា បុរសដែលបានទទួលទានកាហ្វេពី ២ ទៅ៣ពែង ក្នុងមួយថ្ងៃ អាចបង្កើនផ្លូវភេទបានដល់ទៅ ៤២% ឯណោះ។ ស្របពេលនេះផងដែរ កាហ្វេក៏អាចជួយទប់ស្កាត់ការឡើងទម្ងន់ បញ្ចៀសបញ្ហាលើសសម្ពាធឈាម ជាពិសេសជួយបង្ការការស្លាប់លិង្គរបស់បុរសបានផងដែរ។

រៀបចំបង្កើតដោយ #SharedKnowledgeHealth 

ឯកសារយោង #គេហទំព័រក្នុងស្រុកវាយោ

0 comments:

Post a Comment